ឃុំខ្លួនលោក ឡាយ វិសិដ្ឋ និងលោក កន សុខកាយ ជាផ្លូវការក្នុងសំណុំរឿង លី សាម៉េត

0
189

ដោយៈ អធិបតី
ភ្នំពេញៈ សម្លម្ជូរព្រលឹតជាមួយកំពឹសបង់សណ្ដាន់ជូរជ្រះមាត់ ! សំណុំរឿងលោក លី សាម៉េត ហៅ គ្រូមា ត្រូវបានតុលាការបំបែកម្ដងមួយៗ។ ទាក់ទិននឹងល្មើសព្រហ្មទណ្ឌ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរង ខែត្រពោធិសាត់ ជាផ្លូវការពី « បទប៉ុនប៉ងក្នុង បទសូកប៉ាន់ » ដែលបានយកលុយចំនួន៥៧ម៉ឺន ដុល្លារអាម៉េរិក ទៅឱ្យក្រុមលោក លី សាម៉េត និងលោក ឡាច សំរោង ដើម្បីរត់ការចង់បានតំណែងអភិបាលខែត្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

រីឯលោក កន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខែត្រកណ្ដាល វិញក៏ត្រូវបាន ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនជាផ្លូវការដូចគ្នា ដោយចោទប្រកាន់ពី « បទប៉ុនប៉ងក្នុងបទសូកប៉ាន់ » ដែលបានយកលុយចំនួន៣០ម៉ឺនដុល្លារទៅឱ្យលោក លី សាម៉េត ហៅ គ្រូមា ,លោក ដួង តារា និងលោក ឡាច សំរោង ដើម្បីរត់ការចង់បានតំណែងជា អភិបាល ក្រុងអរិយក្សត្រ ខែត្រកណ្ដាល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី « ប៉ុនប៉ងក្នុងបទសូកប៉ាន់ » នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា « នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះសាលាដំបូង រាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ង ក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទ មានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀតគឺ ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ និង ខែត្រកំពង់ស្ពឺ កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៣ និង ខែមករា ឆ្នាំ២០២៤ បទល្មើស
ព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាម មាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ »។

អ្នកនាំពាក្យបានលើកឡើងទៀតថា « ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឡាយ វិសិដ្ឋ បាន យកប្រាក់ចំនួន៥៧០ ០០០ (ហាសិបប្រាំពីរម៉ឺន) ដុល្លារទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបាន តំណែងជា « អភិបាលខែត្រ »»។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

យោងលើ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី « ប៉ុនប៉ងក្នុងបទសូកប៉ាន់ » នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ថា « នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូង រាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ៧៣១៥ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទ មានខ្លួនឈ្មោះ កន សុខកាយ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ព្រមទាំងជនត្រូវចោទចំនួន ៣នាក់ទៀតគឺ ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ២.ឈ្មោះ ដួង តារា ភេទប្រុស អាយុ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង៣.ឈ្មោះ ឡាចសំរោង ភេទប្រុស អាយុ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាម មាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ »។

អ្នកនាំពាក្យបានបន្តទៀតថា « ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះគឺឈ្មោះ កន សុខកាយ បានយកប្រាក់ចំនួន៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារទៅឱ្យឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ »។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ កន សុខកាយ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

បើតាមការចោទប្រកាន់របស់ តុលាការ ក្នុងមាត្រា ៦០៥ ពីបទសូកប៉ាន់ បញ្ជាក់ថា « ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ បុគ្គលណាដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល ប្រគល់អំណោយ ឬជំនូន ធ្វើការសន្យាជាមួយឬផ្ដល់អត្ថប្រយោជន៍អ្វីមួយដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារ ណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ ៈ១.បំពេញកិច្ច នៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយសារមុខងាររបស់ខ្លួន។ ២.មិនបំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយសារមុខងាររបស់ខ្លួន »។

គួរបញ្ជាក់ថា បើយោងតាមមាត្រា ដែលតុលាការ ចោទប្រកាន់ខាងលើពួកគាត់ទាំងនោះក្នុងម្នាក់ៗត្រូវជាប់គុក ពី ៥ ទៅ ១០ឆ្នាំ។ ក្រុមលោក លី សាម៉េត ,ដួង តារា និង ឡាច សំរោង ត្រូវតុលាការបំបែកសំណុំរឿងបីរឿងធំៗ។ ចំពោះជនជាប់ចោទមេធាវី ឡាច សំរោង បុរសកំពូលល្បិចក្រឡេចក្រឡុចកំពុងរត់គេចខ្លួន។ ក៏ប៉ុន្តែលោក ឡាច សំរោង មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។ សំណុំរឿងលោក លី សាម៉េត និងបក្ខពួកនេះ នឹងនៅមានអ្នកដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់ទៀត៕ (នៅមានភាគបន្ត) !!