ដើមឆ្នេរ អូរឈើទាល ត្រូវបានគេឈូសឆាយសំអាត យ៉ាងតក់ក្រហល់ទាំងយប់

0
474

ដោយ បាយ៉ង់ថែមស៍

 

ខែត្រព្រះសីហនុ៖ សាលាខែត្រព្រះសីហនុ បានបើកយុទ្ធនាការក្ដៅ ឈូសឆាយសំអាតដើមឆ្នេរ អូរឈើទាល យ៉ាងប្រញាប់ទាំងយប់ ហាក់មិនមានការគ្រោងទុកជាមុនឡើយ កាលពីរសៀល និង យប់ថ្ងៃទី១៣ វិច្ឆិកា ២០១៩ មុននឹងសម្ដេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញមកសម្ភោធបើការដ្ឋានស្ថាបនាផ្លូវនានាក្នុងក្រុងនៃខែត្រព្រះសីហនុ ចំនួន៣៤ខ្សែ នៅថ្ងៃទី១៦ វិច្ឆិកា ២០១៩ ។

ឆ្នេរដែលត្រូវបានគេឈូសឆាយសំអាតមុនគេនេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ (មុខអតីតទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រព្រះសីហនុ ដែលសព្វថ្ងៃក្លាយជាដីកម្មសិទ្ធិ រ៉ូយ៉ាល់គ្រូប) និងនៅមុខបញ្ឆៀងបន្តិច នៃភូមិគ្រឹះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ប្រជាពលរដ្ឋក្រីក្រ ដែលប្រកបរបរលក់ដូរគ្រឿងហុកចុកពេលរាត្រី ឆក់កណ្ដៀត ដើម្បីចិញ្ចឹមឆ្នាំងប្រចាំថ្ងៃ ខ្លះត្រូវខាតបង់បា្រក់រាប់ម៉ឺនសែនលានរៀល ខណៈពួកគាត់បានទិញបន្លែ ត្រីសាច់សម្រាប់លក់ហើយរួចស្រេចនោះ ។

ប្រជាពលរដ្ឋក្រីក្រ ដែលប្រកបរបរលក់ដូរគ្រឿងហុកចុកពេលរាត្រី ឆក់កណ្ដៀត នៅនឹងឆ្នេរនោះ លើកឡើងថា ពួកគាត់មិនហ៊ានប្រកែកតវ៉ាអ្វីទេ ហើយសូមអបអរចំពោះការអភិវឌ្ឍរបស់រដ្ឋអំណាច ប៉ុន្តែពួកគាត់មានការងឿងឆ្ងល់ ស្រឡាំងកាំង ព្រោះគ្រាន់តែក្រុមការងារប្រាប់ភ្លាម គេចាប់ផ្ដើមឈូសឆាយភ្លាម ពួកគាត់ពុំមានឱកាសរុះរើ ជញ្ជូនរបស់របរទាន់ពេលឡើយ ។

អភិបាលខែត្រព្រះសីហនុ លោក គួច ចម្រើន ដែលអង្គុយពិសាបាយពេលល្ងាចនៅនឹងតូបមួយឯឆ្នេរ អូរឈើទាល ជាមួយក្រុមការងារនាយប់ថ្ងៃទី១៣ វិច្ឆិកា នោះ  www.bayongtimes.com  បាយ៉ង់ថែមស៍ មិនទាន់អាចសុំការបញ្ជាក់បានទេ ថាតើក្រោយពីសំអាតដើមឆ្នេរ អូរឈើទាល កាលពីរសៀល និង យប់ថ្ងៃទី១៣ វិច្ឆិកា ២០១៩ សាលាខែត្រព្រះសីហនុ នឹងមានគម្រោងសំអាតឆ្នេរណាផ្សេងទៀត ដែរឬទេ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យបង្វែរទិសមកលំហែរកាយ សម្រួលអារម្មណ៍ សម្រាកកម្សាន្ត នៅឆ្នេរខ្សាច់ដែលលាតសន្ធឹងល្វឹងល្វើយនោះបានទេ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៩ តាមប្រព័ន្ធតេឡេក្រាម ។

 

គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ ដែលប្រកបរបរលក់ដូរគ្រឿងហុកចុកពេលរាត្រី ឆក់កណ្ដៀត នៅនឹងឆ្នេរនោះ បន្ទាប់ពីការឈូសឆាយ សំអាតរូចហើយ ត្រូវបានគេអនុញ្ញាតឱ្យលក់ដូរដើម្បីចិញ្ចឹមជីវិតជីវភាពប្រចាំថ្ងៃវិញ ប៉ុន្តែមិនឱ្យសង់តូបអនាធិបតេយ្យឡើយ ៕