ដឹងធ្វើមិនដឹង! សង់រោងព័ទ្ធរបងលើដីរដ្ឋបិទផ្លូវម្ចាស់ដីនៅខាងក្រោយទារសំណង៣ម៉ឺនដុល្លារជាថ្នូរនឹងការរុះរើចេញ

0
227

ដោយៈ បាយ៉ង់ថាមស៍
ខែត្រកំពតៈ អនុប្រធានអន្តរវិស័យសាលា ខែត្រកំពត ឆក់ឳកាសនៅពេលបិទខ្ទប់កាត់ផ្ដាច់ការចម្លង ជំងឺកូវីដ ១៩ បានឱ្យបក្ខពួកនិងក្រុមជាង សម្រុកចាក់ដីព័ន្ធរបងសង់រោង លើដីចំណីផ្លូវរថភ្លើងរបស់រដ្ឋស្ថិតនៅ ភូមិបឹង តារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខែត្រកំពត បានសម្រេចកាលពីអំឡុង ខែឧសភា ឆ្នាំ២០២១ ដោយសម្អាងលើ ក្រដាសកិច្ចសន្យាលក់ផ្ដាច់ដីមួយសន្លឹកចុះហត្ថលេខាលើម៉ូតូពីសំណាក់លោក គុយ យ៉ា មេឃុំព្រៃឃ្មុំ បានធ្វើ ឱ្យម្ចាស់ដីនៅខាងក្រោយរងការបិទខ្ទប់គ្មានផ្លូវចេញចូលបានក្លាយជាចំណាប់ខ្មាំងដោយមានការទាមទារនូវទឹក ៣ម៉ឺនដុល្លារ និងដីទំហំ១៥ម៉ែត្រ ជាថ្នូរនឹងការរុះរើបើកផ្លូវឡើងវិញ។

ករណីខាងលើនេះបើយោងតាមប្រភពពីម្ចាស់ដីរងគ្រោះនៅខាងក្រោយបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១។ ស្របពេលដែលដីនៅទីតាំងមួយចំនួនក្នុង ខែត្រកំពត កំពុងឡើងថ្លៃខ្លាំងធ្វើឱ្យបុគ្គល ខ្លះភ្លេចអស់ភាពអៀនខ្មាស ព្រោះតែសេចក្តីលោភលន់ធ្វើឱ្យពួកគេហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង និងរិះរកគ្រប់ មធ្យោបាយឱ្យតែបានដុល្លារចូលហៅប៉ៅ។ ជាក់ស្តែងកាលពីថ្មីៗនេះលោក គឹម ញ៉ក់ អនុប្រធានអន្តរវិស័យ ខែត្រកំពត ត្រូវបានពលរដ្ឋដែលជាម្ចាស់ដីនៅខាងក្រោយលើកការតវ៉ាប្តឹងទៅអាជ្ញាធរដែនដីរឿងលោក គឹម ញ៉ក់ ឆក់ឳកាសនៅពេលបិទខ្ទប់កាត់ផ្ដាច់ការចម្លង ជំងឺកូវីដ១៩ តាមវិធានរបស់ ក្រសួងសុខាភិបាល បានឱ្យ បក្ខពួក និងក្រុមជាង សម្រុកចាក់ដី ព័ន្ធរបង សង់រោងលើដីចំណីផ្លូវរបស់រដ្ឋ បិទខ្ទប់ម្ចាស់ដីស្របច្បាប់នៅ ខាងក្រោយចេញចូលមិនបាន ហើយទាមទារប្រាក់ចំនួន៣ម៉ឺនដុល្លារ និងដី១៥ម៉ែត្រជាថ្នូរនឹងការរុះរើចេញ ដើម្បីបើកផ្លូវរក្សាសភាពដើមវិញ។

យោងតាមប្រភពពីម្ចាស់ដីដែលត្រូវបានគេសង់រោងធ្វើរបងបិទផ្លូវបានឱ្យដឹងថា លោកស្រីបានទិញដីនេះស្រប ច្បាប់ក្នុងអំឡុង ខែកក្កដា ឆ្នាំ២០២០ ពីលោក ជា ទីគា រស់នៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ក្នុងតម្លៃ ១៥ម៉ឺនដុល្លារដោយមានឯកសារគតិយុត្ត និងបង់ពន្ធស្របច្បាប់ត្រឹមត្រូវជូនរដ្ឋពេលនោះមិនមានរោង និងរបង នៅពីខាងមុខដីបិទជិតដូចពេលនេះទេ។ ដោយយល់ឃើញថាដីខាងមុខជាចំណីផ្លូវរបស់រដ្ឋ និងមានបង្គោល ភ្លើងរដ្ឋដាំរួចជាស្រេច លោកស្រីក៍មិនលោភលន់ចង់បានសង់របងព័ទ្ធយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិនោះដែរ ដោយគាត់បានរក្សាស្ថានភាពដើមឱ្យនៅដដែលក៍ស្រាប់តែក្នុងអំឡុងពេលបិទខ្ទប់កាត់ផ្ដាច់ការចម្លង ជំងឺកូវីដ ១៩ តាមវិធានការ ក្រសួងសុខាភិបាល នៅក្នុង រាជធានីភ្នំពេញ លោកស្រីក៍មិនអាចចេញក្រៅបានឡើយ។ ចំពោះការចាក់ដីធ្វើរបងព័ទ្ធបិទផ្លូវសង់រោងរបៀបនេះលោកស្រីមិនបានដឹងមុននោះដែរ។

លោកស្រីបានបន្តថា ក្រោយពីបានដឹងរឿងនេះខ្ញុំក៍បានប្តឹងជំទាស់ទៅអាជ្ញាធរមូលដ្ឋានទាមទារឱ្យលោក គឹម ញ៉ក់ អនុប្រធានអន្តរវិស័យ ខែត្រកំពត ដែលចេះច្បាប់រូបនេះរុះរើរបងនិងសំណង់ចេញវិញតែត្រូវលោកបដិ សេធទាមទារប្រាក់ចំនួន៣ម៉ឺនដុល្លារ និងដីក្បាល១៥ម៉ែត្រដោយចាក់ទុកថានាងខ្ញុំជាចំណាប់ខ្មាំងរបស់គាត់។

យោងតាមលោក ជា ទីគា ម្ចាស់ដីដើមបានប្រាប់ឱ្យដឹងថា ដីនេះរដ្ឋបានចែកឱ្យលោកតាំងពី ឆ្នាំ១៩៨២ ហើយ លោកក៍ធ្លាប់បានប្រវាស់ដីស្រែនេះឱ្យទៅឈ្មោះ ឃាន មួយគា ចាប់តាំងពី ឆ្នាំ២០១៥ រហូតដល់ ឆ្នាំ២០១៨ លោកក៍បានដកយកដីមកវិញ តែក្រោយមកលោក ស៊ុន ករុណា បានព្យាយាមចាក់ដី និងធ្វើរបងបិទផ្លូវម្តងមក
ហើយម្ដងទៀតរហូតនៅ ឆ្នាំ២០១៩ ដោយទាមទារប្រាក់ចំនួន១៨ម៉ឺនដុល្លារ ខណៈដីរបស់លោកជាងកន្លះហិក តាលក់បានប្រាក់តែ១៥ម៉ឺនដុល្លារប៉ុណ្ណោះ។

លោក ទីគា បន្តទៀតថា ជាមួយគ្នានេះដែរខ្ញុំក៍បានប្តឹងរឿងនេះទៅអាជ្ញាធរភូមិឃុំ និងរហូតដល់ស្រុកទើប ឈានដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាក់ សុវណ្ណារី អភិបាល ស្រុកទឹកឈូ ក៍បានចេញលិខិត បញ្ជាឱ្យឈ្មោះ ឃាន មួយគា រុះរើដកបង្គោលរបងទាំងនេះចេញ។ ពីព្រោះអាជ្ញាធររកឃើញថា ការព័ទ្ធរបង នេះបានរំលោភយកដីចំណីផ្លូវរថភ្លើងចាស់របស់រដ្ឋ។ លោកបន្តថា ទីតាំងដែលព័ទ្ធរបងនេះលោក គឹម ញ៉ក់ មិនដឹងនៅទីណានោះទេ ពីព្រោះវាជាទីតាំងដីចំណីផ្លូវរថភ្លើងចាស់។

លោក នាក់ សុវណ្ណារី អភិបាល ស្រុកទឹកឈូ បានលើកឡើងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា នេះថា លោកធ្លាប់ បានចេញលិខិតពីរបីដងហើយដែរ ដើម្បីជំរុញឱ្យមានការដោះស្រាយគ្នា ហើយកាលពីសប្ដាហ៍មុនពួកគាត់ក៍ បានមកដោះស្រាយគ្នានៅសាលា ខែត្រកំពត។ កន្លងមក ស្រុកទឹកឈូ ក៍ធ្លាប់បានចេញលិខិតឱ្យរុះរើរបងនេះ
ចេញអស់ម្ដងមកហើយ។ លោកបន្តទៀតថា នៅក្នុងដំណាក់កាល ឆ្នាំ២០២០ ខាងគណៈកម្មការស្រុកក៍បានចុះ វាស់វែងដីស្រែខាងលើមិនឃើញមានធ្វើអ្វីទេ គឺវាលចែសតែទើបធ្វើរបង និងផ្ទះក្រោយនេះទេ។

ចំណែក អនុប្រធានអន្តរវិស័យ ខែត្រកំពត លោក គឹម ញ៉ក់ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បាន ឆ្លើយយ៉ាងខ្លីថា លោកជាប់រវល់ប្រជុំ។ ដូច្នេះលោកពុំអាចសុំការបំភ្លឺបានទេអំពីការឆក់ឳកាសទិញដីចំណីផ្លូវ រថភ្លើង ខុសច្បាប់នេះ។ ក្នុងនាមលោកជា ប្រធានអន្តរវិស័យខែត្រ កាន់ការអភិវឌ្ឍន៍ពិតជាដឹងយ៉ាងជាក់ ច្បាស់ថា ដីចំណីផ្លូវសាធារណៈ គឺរដ្ឋអំណាចហាមរំលោភបំពាន ឬការចាប់យកធ្វើជាកម្មសិទ្ធិបុគ្គលព្រោះវាជា សម្បត្តិរបស់រដ្ឋ៕