ដីព្រៃជាង១០០ហិចតាក្នុងឧទ្យានជាតិ បុទុមសាគរ ខែត្រកោះកុង រងការបំផ្លាញដោយការឃុបឃិតគ្នារបស់អាជ្ញាធរមូលដ្ឋាន (វីដេអូ)

0
1154

ដោយ យួន ឈីវ

ខែត្រកោះកុង÷ អាជ្ញាធរភូមិឃុំស្រុក បានចុះហត្ថលេខាយល់ព្រមឱ្យគេឈូសឆាយដីព្រៃក្នុងតំបន់ឧទ្យានជាតិ បុទុមសាគរ ជាង១០០ហិចតា ដោយសំអាងថាគេមានឯកសារលក់ទិញ ដែលទីតាំងនេះស្ថិតនៅកំពង់អំបិល ក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង សម្បត្តិសាធារណៈរបស់រដ្ឋ ។(វីដេអូ)

 

ដីស្ថិតក្នុងទីតាំងខាងលើ ដែលអាជ្ងាធរមូលដ្ឋាន បានយល់ព្រមឲ្យអ្នកមានលុយមានអំណាចឈូសឆាយនោះ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលដើមឡើយតាំងពីឆ្នាំ១៩៨៥ ជាទីតាំងឈរជើងរបស់ទាហាន តើហេតុអ្វី អាជ្ញាធរមូលដ្ឋាន ឃុបឃិតគ្នាស៊ីញ៉េលក់ដីនេះ ? មេទាហានសឹករង វ័យក្មេងម្នាក់ឈ្មោះ តុង ហាប់ បានទិញដីព្រៃនេះពីប្រជាពលរដ្ឋ ដែលពួកគាត់បានទៅកាប់ទន្ទា្រនដីព្រៃក្នុងឧទ្យានជាតិខាងលើ លក់ឲ្យលោក តុង ហាប់ ក្នុងតម្លៃរាប់ពាន់ដុល្លារអាមេរិក ។ ពេលដែលប្រជាពលរដ្ឋ បានឃើញថាមេទាហានមកទិញដីព្រៃដូច្នេះ ពួកគាត់ក៏នាំគ្នាទន្រ្ទានកាប់ឆ្កាលក់ដីព្រៃនេះទៅ នេះបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅជិតតំបន់នោះ ។

 

 

ពាក់ព័ន្ធនឹងការលក់ទិញ និងឈូសឆាយដីព្រៃក្នុងឧទ្យានជាតិ បុទុមសាគរ រាប់ហិកតានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍តាមទូរស័ព្ទថា លោកស្រីពុំទាន់ទទួលបានរបាយការណ៍អំពីការឈូសឆាយដីដ៏ធំយ៉ាងនេះ ពីលោក សុខ សុទ្ធី អភិបាលរងខែត្រកោះកុង ទទួលបន្ទុកដោះស្រាយដីធ្លី នៅឡើយទេ ។ លោកស្រី ឆ្ងល់ថាហេតុអ្វីលោកអភិបាលរងខែត្រ មិនរាយការណ៍មកលោកស្រីអំពីរឿងដ៏ធំយ៉ាងដូច្នេះ ?

 

មន្រ្តីបរិស្ថាន ស្រុកបុទុមសាគរ លោក អឹង មុន្នី ហៅ តាវ៉ាត បានឱ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថា រឿងរ៉ាវទាំងអស់នេះលោកមិនបានដឹងទេ ហើយមិនមានអ្នកណាម្នាក់មកទំនាក់ទំនងដែរ ។ លោក អឹង មុន្នី បន្តថា រឿងរ៉ាវដីធ្លីខាងលើ គឺស្ថិតនៅក្នុងតំបន់ ឧទ្យានជាតិ បុទុមសាគរ ដែលពុំមានអ្នកណាហ៊ានចេញលិខិតអនុញ្ញាតឱ្យឈូសឆាយដីធំធេងយ៉ាងនេះនោះទេ បើអ្នកណា ចេញលិខិតអនុញ្ញាតឲ្យឈូសឆាយ អ្នកនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំណែកលោកវិញ លោកមិនហ៊ានជាដាច់ខាត ។ លោក អឹង មុន្នី បញ្ជាក់ថា លោកនឹងឲ្យកូនចៅលោកទៅពិនិត្យមើលបញ្ហាហ្នឹង ថាតើគេមានច្បាប់ពីណាមក ។

 

លោកមេធាវី វង្ស ភក្តី អាយុ៤០ឆ្នាំ រស់នៅភ្នំពេញ មានប្រសាសន៍ថា លោកបានទិញដីនោះមែន គឺទិញពីលោក តុង ហាប់ ជាមេទាហាន ប្រតិបត្តិការសឹករងខែត្រកោះកុង ហើយបន្ទាប់មកលោកបានឲ្យ លោក តុង ហាប់ ជួយមើលឲ្យ ។ លោក វង្ស ភក្តី បន្តថា ដីដែលលោកបានទិញនោះគឺមានទំហំជាង១០០ហិកតា មានឯកសារទិញលក់ពីប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ក៏ទទួលដឹងឮ បានចុះហត្ថលេខាលើលិខិតស្នាមទៀតផង ។ ដីដែលលោកបានទិញខាងលើ គឺលោកទុកធ្វើចំការ ដើម្បីមករស់នៅទីនោះ ហើយលោកបានសុំការអនុញ្ញាតឈូសឆាយពីអាជ្ញាធរមូលដ្ឋានចំនួន១៤ហិចតាតែប៉ុណ្ណោះ លោក វង្ស ភក្តី បញ្ជាក់ ។

 

ចំណែកមេទាហានសឹងករងវ័យក្មេង លោក តុង ហាប់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ដីនេះជាដីរបស់លោក មានទំហំផ្ទៃដីចំនួន១០០ហិចតាជាង គឺលោកបានទិញពីប្រជាពលរដ្ឋ មានឯកសារត្រឹមត្រូវ ដែលអាជ្ញាធរទទួលដឹងឮទាំងអស់ ហើយអាជ្ញាធរមូលដ្ឋាន ភូមិឃុំស្រុក បានចេញលិខិតអនុញ្ញាតឲ្យឈូសឆាយដីនោះទៀតផង ។

 

លោក តុង ហាប់ អះអាងទាំងអសុរោះថា «ដីទាំងអស់នេះ អញទិញគេទេ អញមិនទៅយករបស់គេទេ ហើយបើដីអញមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ មិនមែនមេឃុំ ចៅហ្វាយស្រុក សុរិយោដីស្រុក មិនចេញច្បាប់ឲ្យឈូសឆាយនោះទេ» ។

លោក តុង ហាប់ និយាយទាំងប្រមាថអ្នកសារព័ត៌មានថា «អាហ្អែងកុំមាត់អី ចាំយកលុយ១០០ដុល្លារចាយទៅ ហ្អែងចេះតែដើរ កកូរគេគ្រប់កន្លែងអីចឹង» ។

 

អភិបាលស្រុកបុទុមសាគរ លោក ទូ សាវុធ ឆ្លើយតបតាមទូរស័ព្ទថា ដីដែលលោកបានចុះហត្ថលេខាឲ្យឈូសឆាយនោះ គឺយោងតាម ឯកសាររបស់គេបានទិញដី លក់ដី ។ លោក អភិបាលស្រុកបានឱ្យដឹងទៀតថា គេសុំច្បាប់ឈូសឆាយដីធ្លីនោះ មិនមែនដីព្រៃទេ គឺដីចំការ ទើបលោកចុះហត្ថលេខាឲ្យ ។ បើប៉ះពារដីតំបន់ការពារ ឬ តំបន់សហគមន៍នោះ លោកនឹងឲ្យគេចុះទៅពិនិត្យមើល  លោកអភិបាលស្រុកបញ្ជាក់ ។

 

ចំណែក លោក ឃៀង យិង មេឃុំអណ្តូងទឹក បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកបានចុះហត្ថលេខាលិខិត ឲ្យលោក វង្ស ភក្តី តាមការស្នើសុំច្បាប់ឈូសឆាយដីចំនួនជាង១០០ហិចតាមែន ។ លោកថាគេស្នើ បើលោកមិនធ្វើឲ្យ គេថាយើងខុសពីព្រោះ លោក ពៅ ច័ន្ទថន ភូមិបាលស្រុក បានទៅវាស់វែងដីនោះហើយដែរ ។

 

ដោយឡែកលោក  ពៅ ច័ន្ទថន ប្រធានភូមិបាលស្រុកបុទុមសាគរ ពុំអាចសុំការបញ្ជាក់បានទេ ព្រោះទូរស័ព្ទទៅលោកចូលហើយតែមិនមានអ្នកលើក ។

 

សង្ឃឹថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នឹងចាត់វិធានការទៅលើមន្ត្រីខិលខូចមួយចំនួនតូចនេះ បើមិនដូច្នោះទេ តើប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សង្ឃឹមលើនរណា ? ៕