ព្រះវិហារៈ បញ្ហាព្រៃឈើ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសថ្នាក់ជាតិឬថ្នាក់ខេត្តក្តី គឺហាក់បីដូចជាខ្លាក្រដាសមួយដែលក្រុមឈ្មួញនៅតែបន្តមុខជំនួញព្រៃឈើនេះបានយ៉ាងគគ្រឹក គគ្រេងដដែលដោយមិនកោតក្រែងច្បាប់ហាមឃាត់អ្វីនោះឡើយ។
បច្ចុប្បន្ននៅចំណុច ភូមិស្រែវាល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ជាស្រុកមួយដែលជាប់ព្រំប្រទល់ព្រៃឡង់ ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ ឃើញថា មានកើតបទល្មើព្រៃឈើពេញបន្ទុកតែម្ដង។ ដោយសារមានក្រុមឈ្មួញដើរប្រមូលទិញឈើពីប្រជាពលរដ្ឋតាមផ្ទះរួចលើកដាក់លើរថយន្តធំៗចាកចេញ ទៅ ខេត្តកំពង់ធំ និងបន្តចែកចាយនៅតាមខេត្តនានា។
ការធ្វើជំនួញព្រៃឈើបែបនេះ បើសិនមិនមានការបើកដៃ ក៍ដូចជាបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធឈរជើងការពារនៅតំបន់នោះទេ ប្រាកដជាក្រុមឈ្មួញទាំងនោះមិនអាចដើរប្រមូលទិញឈើតាមផ្ទះប្រជាពលរដ្ឋបានឡើយ។ ការកើតមានបទល្មើសព្រៃឈើនេះឡើង គឺក្រុមប្រជាពលរដ្ឋដែលចូលទៅកាប់ឈើនៅក្នុង ដែនជម្រកសត្វព្រៃឡង់។
ព្រៃឡង់ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដែលជាព្រៃគ្រប់គ្រងរបស់រដ្ឋ តែពួកគេជ្រកក្រោមរូបភាពកាប់ឈើធ្វើផ្ទះស្នាក់នៅបំភាន់ភ្នែកមហាជន។ ការយកឈើទៅត្រាំទឹកឱ្យមានពណ៌ខ្មៅៗរួចវៃដែកគោលថ្មីៗ រួចសំអាងថា ឈើផ្ទះចាស់មានច្បាប់ដឹកជញ្ជូន រោងសិប្បកម្មកែច្នៃទ្វារ។ សំអាងថា ធ្វើដាក់ផ្ទះតែក្នុងការធ្វើ បែបនេះមានចំនួនទ្វារធ្វើម្ដងពី៦០ទៅ៧០វង់ ដែលជាល្បិចលក នៃជនខិលខូចរួមគ្នាបំផ្លាញព្រៃឈើដោយស្របច្បាប់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ចំណុចតំបន់នោះដែលស្ថិតក្នុង ស្រុកជ័យសែន គឺថាផ្ទះមួយណាក៍មានគំនរឈើដែរចាប់ពី២ម៉ែត្រគូប រហូតទៅដល់៤ទៅ៥ម៉ែត្រគូបក៍មាន។ តែភាគច្រើនឈើទាំងនោះមិនបានយកទៅសាងសង់ផ្ទះពិតប្រាកដនោះឡើយ៕