ជើងកាងខ្លាំងខាងទំនើង ត្រូវប៉ូលីសអូរបីជាន់ក្របួចញាត់ទ្រុង បញ្ចប់ការដើរកាប់គេទៀត

0
514

ដោយ បាយ៉ង់ថែមស៍

ខែត្របន្ទាយមានជ័យ៖ ក្រុមក្មេងស្ទាវទំនើង ដេញកាប់គេទាំងថ្ងៃ បង្កភាពចលាចលយ៉ាងអនាធិបតេយ្យ នៅស្ពានណងច័ន្ទ ស្ថិតក្នុងភូមិជោគជ័យ(ហៅភូមិណងច័ន្ទ) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ ឃាត់ខ្លួនកាលពីថ្ងៃទី២០ តុលា ២០២០ រួចបញ្ជូន ខ្លួនទៅស្នងការដ្ឋាននគរបាលខែត្របន្ទាយមានជ័យ នាថ្ងៃខែឆ្នាំដដែលនោះ ។

ក្រុមក្មេងស្ទាវទាំងនេះតែងតែដើរបង្កភាពចលាចលជាញឹកញាប់ក្នុងមូលដ្ឋានពួកគេរស់នៅ ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៩ តុលា ២០២០ ពួកគេបានដេញកាប់គេ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋពេញភូមិ ។ ហើយដោយមានការចង្អុលបង្ហាញពីលោក សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខែត្រ និងលោក នូ ជីវ័ន្ត ស្នងការរង ទទួលផែនព្រហ្មទណ្ធ ព្រមទាំងមានការបញ្ជាផ្ទាល់ពីលោកអធិការស្រុកអូរជ្រៅ សហការជាមួយសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ បានកំណត់មុខសញ្ញា និង ឃាត់ពួកក្មេងទំនើងទាំងប្រាំពីរនាក់នៅថ្ងៃទី២០ តុលា រួចបញ្ជូនខ្លួនពួកគេទៅស្នងការដ្ឋាននគរបាលខែត្របន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ នេះយោងតាមការអោយដឹងពីមន្រ្តីនគរបាលប៉ុស្ដិ៍នគរបាល អូរបីជាន់ ។

ក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនាទាំង៧នាក់ ដែលមានកាំបិត ពូថៅ និង ដាវសាម៉ូរ៉ៃជាប់នឹងដៃនោះមាន៖ ១. យេង មេត អាយុ ២៤ឆ្នាំ ២. មិន មាន់ អាយុ២០ឆ្នាំ ៣. ម៉ៃ កុង អាយុ១៧ឆ្នាំ ៤. យឿន សាត អាយុ១៦ឆ្នាំ ៥.វាសនា ចន្ថា អាយុ២០ឆ្នាំ ៦.ជន ប៊ុនធឿន ហៅធុង អាយុ២៤ឆ្នាំ និង ទី៧ សឿន ពិសិដ្ឋ អាយុ២៣ឆ្នាំ ។

គួរបញ្ជាក់ថា ក្មេងទំនើងជាងគេឈ្មោះ ជន ប៊ុនធឿន ហៅធុង គឺរូបចុងក្រោយគេ ម្នាក់ដែលមិនពាក់ស្លាកឈ្មោះ៕ សាមុត