ចាំមើលសមត្ថកិច្ចចាប់ខ្លួនលោក គឹម សារិទ្ធ ទេ! ក្រោយពីជនរងគ្រោះស្លាប់បន្ទាប់ពីទទួលរងនូវអំពើហិង្សាយ៉ាងព្រៃផ្សៃសាហាវយង់ឃ្នង

0
123

ដោយៈ បាយ៉ង់ថែមស៍
តាកែវៈ នៅពេលនេះមជ្ឈដ្ឋានប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ច ខេត្តតាកែវ នឹងចាប់ខ្លួន លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និងបក្ខពួកជាច្រើននាក់ដែរឬទេ ក្រោយពីជនរងគ្រោះបានស្លាប់ ដោយសារការប្រើអំពើហិង្សាយ៉ាងផ្សៃព្រៃសាហាវយង់ឃ្នងពីសំណាក់លោក គឹម សារិទ្ធ។

តាមប្រភពព័ត៌មានច្បាស់ការពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ ថា ជនរងគ្រោះឈ្មោះ ភឹម វី ភេទប្រុ អាយុ៤០ឆ្នាំរស់នៅ ភូមិព្រៃផ្គាំ (គ) ស្រុកអង្គរបុរី ខេត្តតាកែវ ដែលរងនូវ អំពើហិង្សាពីសំណាក់លោក គឹម សារិទ្ធ និងបក្ខពួកបានស្លាប់បាត់ហើយតែនៅឡើយ ក្រុមជនបង្កកំពុងបន្ត រស់នៅក្រៅសំណាញ់ច្បាប់ឡើយយ៉ាងសុខសាន្ត។

ក្រុមគ្រួសារនៃសពបានសំណូមពរយ៉ាងទទូចសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោក ជីវ ចាន់តារា ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តតាកែវ មេត្តាចាត់វិធានការឃាត់ខ្លួនលោក គឹម សារិទ្ធ និងបក្ខពួកយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និងបក្ខពួកចំនួន៩នាក់ផ្សេងទៀត ទទួលរងនូវការចោទប្រកាន់ ថា បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរខណៈចុះបង្ក្រាបបទល្មើសនេសាទ ហើយ ក្រោយមកជនរងគ្រោះក៍បានស្លាប់ដោយសារវាយត្រូវក្បាលបណ្ដាលឱ្យឈាមកកក្នុងខួរក្បាល។

លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ថ្លែងប្រាប់កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា លោកបានបញ្ជាឱ្យស្នងការរងទទួលផែនព្រហ្មទណ្ឌស៊ើបអង្កេតករណីនេះហើយ។ អំពើហិង្សា នេះកើតឡើងកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅត្រង់ចំណុចកោះអញ្ចាញ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

តាមការរៀបរាប់របស់បងថ្លៃជនរងគ្រោះបានឱ្យដឹងថា នៅយប់កើតហេតុនោះជនរងគ្រោះឈ្មោះ ភឹម វី អាយុ ៤០ឆ្នាំរស់នៅ ភូមិព្រៃផ្គាំ (គ) ស្រុកអង្គរបុរី ខេត្តតាកែវ និងអ្នកភូមិចំនួន២នាក់ទៀតចេញទូកទៅឆក់ត្រីនៅ ត្រង់ចំណុចកោះអញ្ចាញស្ថិតនៅក្នុង ឃុំទ្រា ស្រុកសំរោង។

សាច់ញាតិជនរងគ្រោះបន្តទៀតថា នៅពេលនោះក៍មានទូករបស់ មន្ត្រីជលផលមានមនុស្សចំនួន១០នាក់ដឹកនាំ ដោយលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានមកដល់ ហើយអ្នកភូមិ២នាក់ដែលទៅជាមួយក៍បាន លោតចូលទឹករួចក៍រត់រួចដោយនៅសល់តែជនរងគ្រោះត្រូវមន្ត្រីជលផលនិងបក្ខពួកវាយបណ្តាលឱ្យរងរបួសធ្ងន់ត្រង់ក្បាលទើបគេបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តតាកែវ និងទូរស័ព្ទឱ្យក្រុមគ្រួសារទៅមើលជនរងគ្រោះ នៅមន្ទីរពេទ្យខេត្ត។

ប៉ុន្តែដោយសារស្ថានភាពជនរងគ្រោះមានរបួសត្រង់ក្បាលធ្ងន់ធ្ងរពេកទើបក្រុមគ្រួសារបញ្ជូនបន្តមកកាន់មន្ទីរ ពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេហើយ ក្រុមគ្រូពេទ្យក៍អស់លទ្ធភាពព្យាបាលដែរ ដោយឱ្យក្រុមគ្រួសារយកជនរងគ្រោះមកផ្ទះវិញ។ ព្រោះតែជនរង គ្រោះមានឈាមកកនៅក្នុងខួរក្បាល។

ជុំវិញបញ្ហានេះលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានបដិសេធសម្រាលទោសកំហុសដ៏ព្រៃផ្សៃ របស់ខ្លួនថា លោកមិនបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋនោះទេពោលគឺនេះជាគ្រោះថ្នាក់ចរាចររវាងទូក របស់ មន្ត្រីជលផល និងទូករបស់ជនរងគ្រោះ។

ទន្ទឹមគ្នានេះលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ថ្លែងប្រាប់កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះថា លោកបានបញ្ជាស្នងការឱ្យរងទទួលផែនព្រហ្មទណ្ឌស៊ើបអង្កេតករណីនេះ ហើយ…។

ប្រជាពលរដ្ឋស្ទើទូទាំង ខេត្តតាកែវ នរណាៗក៍ស្គាល់លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ ដែរដោយ ល្បីរឿងបទល្មើសនេសាទជម្រិតទារប្រាក់ពីក្រុមប្រព្រឹត្តបទល្មើសនេសាទ បើមិនបានលុយគ្រប់ចំនួននោះទេ ក៍កើតជាអំពើហិង្សាដូចករណីនេះជាក់ស្តែងស្រាប់តែម្ដង។

ជុំវិញរឿងរ៉ាវខាងលើរហូតមកទល់ពេលនេះលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ នៅតែអាចឈរជើង បានជាធម្មតាមិនមានរឿងអ្វីកើតឡើងឡើយដោយមិនដឹងមូលហេតុអ្វីទេដោយពលរដ្ឋសង្ស័យថា មានខ្សែ និងខ្នងធំហើយមើលទៅ…បានជាប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់នៅតែមិនមានទោសបែបនេះ។

ក្រុមគ្រួសារជនរងគ្រោះបានសំណូមពរឱ្យសមត្ថកិច្ចជាពិសេស លោកព្រះរាជអាជ្ញា ខេត្តតាកែវ សូមមេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និងបក្ខពួក ផងដើម្បីផ្តល់ភាពយុត្តិ ធម៌ដល់សពជនរងគ្រោះដើម្បីកុំគេថា ការអនុវត្តស្តង់ដារពីរគឺ អ្នកមានលុយ មានអំណាចឈ្នះ និងអ្នកក្រីក្រ ស្លូងត្រង់ទន់ខ្សោយចាញ់តែរហូតនោះ…។

គួររំលឹកបថា លោក គឹម សារិទ្ធ ធ្លាប់បានយកកាំភ្លើងអាការស្វ័យបត់បាញ់ទូកនេសាទរបស់ប្រជាពលរដ្ឋព្រោះ ខឹង ទារលុយមិនបានចំនួន១ពាន់ដុល្លារជាថ្នូរនឹងការដោះលែងទូកនេសាទខុសច្បាប់។ ការបាញ់ដ៏គឃ្លើន របស់លោក សារិទ្ធ នេះបានកើតមានឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅស្ថិតនៅចំណុចស្នាក់ ការរដ្ឋបាលជលផលកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ៕