ចាប់​រថយន្ត​​ធុន​ធំ​ដឹកឈើ​អត់​ច្បាប់​ជាង​៤០​ម៉ែត្រគូបបង្កប់ក្រោមអង្កាម​

0
145

​ដោយៈ ​ម្លូព្រៃ
ព្រះ​វិហារៈ​ កម្លាំង​ បរិស្ថាន​បឹង​ពែរ​ ​ដែល​ឈរជើង​នៅមុខ ​ផ្សារ​ទ្រី​ភាព​ ទន្លេ​ម្រេច​ក្នុង​ ខេត្តព្រះវិហារ​ បាន​ឃាត់​រថយន្ត​​វេ​អងធុន​ធំ​មួយ​គ្រឿង​ម្ចាស់ឈ្មោះ​ យ៉េ​ង ​និង​ប្រពន្ធ​ឈ្មោះ​ ស៊ុន ​លី ​លួចដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត ជាង៤០ម៉ែត្រគូប​បង្កប់ក្រោមអង្កាម កាលពី​យប់​ថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០។​

​សមត្ថកិច្ចបានប្រាប់ឱ្យដឹង​ថា រថយន្ត​​ដឹកឈើនោះបាន​បង្កប់​ក្រោម​បេ​អង្កាម​ចំនួន​សាច់​ឈើ​ជាង​៤០​ម៉ែត្រគូប ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៦២​។ ​លុះ​មកដល់​ចំណុច​មុខ ​ផ្សារ​ទ្រី​ភាព ​រថយន្ត​ត្រូវ​បានមន្ត្រី​ បរិស្ថាន​ ត្រួតពិនិត្យ​ឃើញ​ឈើ​ពេញ​ដាក់​បាវ​អង្កាម​គ្របពីលើពេលនោះ​ត្រូវបាន​ឃាត់ទុក​ និង​ធ្វើការត្រូតពិនិត្យ​តាម​ច្បាប់​។​

​ប្រភព​បានអះអាងទៀតថា ​រថយន្ត​ធំ​ប្រភេទ​នេះបើសិន ​ដឹកស្រូវ​ឬក៍ដឹក​ដំឡូង​មី​ មិនមាន​អ្នក​នាំ​ផ្លូវ​ទេ​ តែ​រថយន្ត​ដឹកឈើ​នេះមាន​អ្នក​នាំ​ផ្លូវ​ដើម្បី​ដោះស្រាយ​បាយទឹក​លួងលោមចិត្តសមត្ថកិច្ច​តាមផ្លូវ​។ ​អ្នក​នាំ​ផ្លូវនោះត្រូវ​​គេ​ស្គាល់​ឈ្មោះថា ​ញ៉ា​ ត្រូវជា​ក្មួយ​ម្ចាស់​ឈើ​ឈ្មោះ​ យ៉េ​ង​ និង​ប្រពន្ធ​ឈ្មោះ ​ស៊ុន​ លី​ សព្វថ្ងៃ​រស់នៅ ភូមិ​តា​រ៉េ​ន​ជោ ​ឃុំ​អង្កាញ់ ស្រុក​ទ្រាំ​ង ​ខេត្តតាកែវ។

​ឈើ​​គ្រឿងផ្ទះ​និង​រថយន្ត​ ខាងលើ​ត្រូវមន្ត្រី​ បរិស្ថាន​ ស្នាក់ការ​បឹង​ពែ​ទល់ មុខ​ផ្សារ​ទ្រី​ភាព យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ មជ្ឈដ្ឋាន​មួយចំនួន​រង់ចាំ​មើលចំណាក់ការនេះថា ​តើ​រថយន្ត​ផ្ទុក​ឈើ​ខាងលើចេញរួច​ទៅវិញ​ដែរឬទេ ​? ៕