គោរាប់រយក្បាលត្រូវគេដឹកតាមក្បួនរថយន្តធុនធំៗពីវៀតណាមចូលកម្ពុជាតាមច្រកអូរយ៉ាដាវ

0
44

ដោយៈ អធិបតី
រតនគិរីៈ ក្បួនរថយន្តខ្នាតយក្ស នៃក្រុមហ៊ុនវៀតណាម ជាង១០គ្រឿងដឹកសត្វគោរាប់រយក្បាលចូលមកកម្ពុជា តាម ច្រកអូរយ៉ាដាវ ខែត្ររតនគិរី ឆ្លងកាត់ ខែត្រមណ្ឌលគិរី ដោយបន្តដំណើរតាមផ្លូវជាតិលេខ៧៦A ឆ្ពោះទៅ កាន់ទឹកដី ខែត្រក្រចេះ ដើម្បីយកទៅចិញ្ចឹមនៅក្នុង ក្រុមហ៊ុនដីសម្បទាន មួយកន្លែងជាអតីត ក្រុមហ៊ុនវិនិ យោគដំណាំកសិកម្ម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

បើតាមលិខិតបញ្ជីប្រតិវេទន៍គយ ច្រកទ្វារព្រំដែនអូរយ៉ាដាវ ដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា សត្វគោទាំងអស់នេះដឹកចេញពី ក្រុមហ៊ុនមួយឈ្មោះ TRUNG NGUYEN COW LIVESTOCK MEMBER LIMITET ដែលមានទីតាំនៅក្នុង ប្រទេសវៀតណាម ឆ្លងដែនចូលកម្ពុជាទៅឲ្យ ក្រុមហ៊ុនវិនិយោគមួយឈ្មោះ EASTERN RUBBER (cambodai) co.,LTD ដែលមានទីតាំស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ខែត្រក្រចេះ។ ប៉ុន្តែបច្ចុប្បន្នទីតាំងនេះគឺស្ថិតនៅក្នុង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខែត្រក្រចេះ។

ក្បួនរថយន្តរខ្នាតយក្សបស់ ក្រុមហ៊ុនវៀតណាម មានសិទ្ធិ និងមានអំណាចច្បាប់ដឹកសត្វគោឆ្លងដែនចូលក្នុង ទីជម្រៅ នៃប្រទេសកម្ពុជា និងអាចដឹកឆ្លងកាត់ខែត្រជាច្រើនដោយសេរី ហើយបានបង្កើតជាចម្ងល់ និងសំ ណួរគ្មានចម្លើយ។ មិនដឹងថា ក្បួនរថយន្តខ្នាតយក្សរបស់ក្រុមហ៊ុនវៀតណាមទាំងនេះមានច្បាប់អនុញ្ញាតពី ថ្នាក់ណានោះទេទើបអាចបើកបរលើផ្លូវជាតិកម្ពុជារាប់រយគីឡូម៉ែត្របានដោយរលូនដែល មួយផ្នែកបានធ្វើ ឲ្យបាត់បង់សេដ្ឋកិច្ចលើវិស័យមធ្យោបាយដឹកជញ្ជូនរបស់ពលរដ្ឋខ្មែរ និងមួយផ្នែកទៀតក៍បានប៉ះពាល់ផង ដែរដល់ច្បាប់ចរាចរនៅកម្ពុជា។

ផ្ទុយពីរថយន្តដឹកទំនិញរបស់ជនជាតិខ្មែរដែលជាទូទៅខាង ភាគីសមត្ថកិច្ចវៀតណាម គេមិនអនុញ្ញាតឲ្យដឹក ទំនិញឆ្លងដែនចូលជ្រៅទៅក្នុងទឹកដីរបស់គេបានឡើយយ៉ាងច្រើនបំផុតគឺអនុញ្ញាតឲ្យរថយន្តខ្មែរចូលផ្ទេរទំនិញត្រឹមព្រំប្រទល់តំបន់សតាមព្រំដែនប៉ុណ្ណោះ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្បួនរថយន្តខ្នាតយក្សដឹកសត្វគោ ក្រុមហ៊ុនវៀតណាម ជាង១០គ្រឿងនេះត្រូវបានសមត្ថកិច្ចនគរបាល ខែត្រមណ្ឌលគិរី ធ្វើការឃាត់សួរនាំនៅលើផ្លូវលេខ៧៦A ស្រុក កែវសីមា ដែរក៍ប៉ុន្តែបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតដោយរលូនឆ្ពោះទៅកាន់ ក្រុមហ៊ុនចម្ការចេក មួយ នៅចំណុច១០៧ និ១១៥ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខែត្រក្រចេះ។

ប្រភពខាងលើបន្តទៀតថា សត្វគោទាំងនេះ ក្រុមហ៊ុន EASERN RUBBER ដឹកចេញពី ប្រទេសវៀតណាម យកមកចិញ្ចឹមនៅក្នុងក្រុមហ៊ុនដីសម្បទាន របស់ខ្លួនក្នុង ស្រុកស្នួល ខែត្រក្រចេះ ហើយក៍មិនឃើញមាន មន្ត្រី បសុពេទ្យ ចុះត្រួតពិនិត្យសុខភាពសត្វក៍ដូចជាផ្ទៀងផ្ទាត់ចំនួនសត្វគោឲ្យត្រឹមត្រូវឡើយដែលធ្វើ ឲ្យប្រជាពល រដ្ឋមានការព្រួយបារម្ភអំពីជំងឺឆ្លងផ្សេងៗដល់សត្វគោក្នុងតំបន់ដែលពួកគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារ៕