ខែត្រកំពតៈ ពលរដ្ឋ៤នាក់បានរងបួសធ្ងន់ស្រាល និងផ្ទះសម្បែងទ្រព្យសម្បត្តិមួយចំនួនរងនូវការខូចខាតដោយ សារ ក្រុមហ៊ុនកំបោរបៀក ( kptt ) បំផ្ទុះថ្មភ្នំជន្លួញខុសបច្ចេកទេស។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅ ភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខែត្រកំពត។
ករណីខាងលើធ្វើឲ្យពលរដ្ឋរងរបួសធ្ងន់ស្រាលយ៉ាងតិច៤នាក់ គោពីរក្បាល និងខូចខាតផ្ទះសម្បែងមួយចំនួនដូចជាបាក់សសរដែក បែកក្បឿង រហែកដំបូលស័ង្កសី បែកពាងទឹក និងខូចខាតសម្ភារៈផ្សេងៗទៀត។
ក្រោយពីកើតហេតុលោក នូ ចិន្ដា អភិបាល ស្រុកបន្ទាយមាស និងលោក សោម វិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាម ពល ខែត្រកំពត បានដឹកនាំក្រុមការងារចុះធ្វើរបាយការណ៍ និងធ្វើការសម្របសម្រួលជាមួយភាគីក្រុមហ៊ុន និងពលរដ្ឋរងគ្រោះនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
លោកអភិបាល ស្រុកបន្ទាយមាស បានលើកឡើងថា យើងដាក់យន្តការបួនគឺទី១.យកជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខែត្រកំពត បើចាំបាច់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យស៊ុនយ៉ាឃៀល និងពេទ្យកាល់ម៉ែត។ ទី២. ជួសជុលផ្ទះជូនពលរដ្ឋ។ ទី៣.កម្លាំង នៃគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើកំណត់ហេតុជាក់ស្ដែង និងធ្វើការជួសជុលផ្ទះជូនពលរដ្ឋដែលរងគ្រោះ និងទី៤.រកមុខសញ្ញាដែលបំផុសព័ត៌មានគឺការធ្វើវិច្ឆេទកម្មព័ត៌មាន។
អភិបាលស្រុកបន្តទៀតថា លោកយកពលរដ្ឋជាធំ ហើយក៍មិនចាត់ទុកក្រុមហ៊ុនជាសត្រូវដែរ។ ព្រោះថា ស្រុកណាដែលមានការសហការចូលរួមវិនិយោគច្រើនធ្វើឲ្យស្រុកនោះមានការរីកចម្រើន។ ប៉ុន្តែគឺធ្វើឱ្យស្របតាមនីតិវិធីច្បាប់។
រីឯលោក សោម វិសិដ្ឋ ប្រធានមន្ទីរ៉ែ ខែត្របញ្ជាក់ថា យើងមិនអាចបិទក្រុមហ៊ុនទាំងស្រុងភ្លាមៗនោះទេ។ នៅ ពេលដែលក្រុមហ៊ុនមានបញ្ហាយើងធ្វើការដោះស្រាយ ឬផ្អាកមួយជ្រុងនៃក្រុមហ៊ុនដែលមានការធ្វើឲ្យប៉ះពាល់ដល់បងប្អូនពលរដ្ឋ គឺការបន្ទុះថ្មព្រោះថា នេះជាបញ្ហាដែលកំពុងធ្វើឱ្យប៉ះពាល់ដល់បងប្អូនពលរដ្ឋ។
ចំណែកគ្រួសារជនរងគ្រោះបានយល់ស្របតាមលោកអភិបាល ស្រុកបន្ទាយមាស។ ពួកគាត់ក៍កំពុងរងចាំការដោះស្រាយ និងសម្របសម្រួលពីសំណាក់ក្រុមហ៊ុន ហើយក៍សម្ដែងចិត្តត្រេកអរចំពោះថ្នាក់ដឹកនាំដែលខិតខំយកចិត្តទុកដាក់ជួយដោះស្រាយ និងសម្របសម្រួលជូនពលរដ្ឋរងគ្រោះដល់ផ្ទះផងដែរ។
គួរបញ្ជាក់ថា ករណីបន្ទុះថ្មភ្នំនេះធ្លាប់ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរងគ្រោះដែលរស់នៅភូមិឃុំកើតហេតុខាងលើម្តង មកហើយ។ក៍ប៉ុន្តែមិនទាន់បានផ្តល់សំណងជូនពលរដ្ឋរងគ្រោះគ្រប់គ្រាន់នៅឡើយទេ៕