​ក្រុង​អង្គរបុរី​ត្រូវបាន​បំផ្លាញ​គ្រប់​រូបភាព​ពី​អ្នកស្រុក​គាស់កកាយ​ទួលប្រាសាទ​និង​ព្រះ​ចេតិយ​បុរាណ

0
418

​ដោយៈ គោធ្លក​
​ភ្នំពេញៈ កសាងឡើង​ដោយ​យន្តការ​ឥណ្ឌូ​រូប​នី​ក​យក​ម្ម ទីក្រុង​នា​សម័យ​ហ្វូណន គឺ​អង្គរបុរី ត្រូវបាន​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​កំពែង​របង​ធ្វើ​ដោយ​ឥដ្ឋ​​យ៉ាង​ធំ​មាន​កសិណ​ទឹក​ដែលមាន​ខាងក្នុង​និង​ក្រៅ​កំពែង​។ កំពែង​នេះ​គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ពីលើ​អាកាស​។ ម្យ៉ាងវិញទៀត​បើ​យើង​ដើរ​ជាយ​ខាង​​ក្រៅ​នៃ​ទីប្រជុំ​ជននេះ​យើង​នឹង​ឃើញ​ទម្រង់​នៃ​កំពែង​នេះដែរ​។ សព្វថ្ងៃ​ស្ទើរតែ​ទាំងស្រុង និង​កំពែង​ទាំងនេះ​ត្រូវបាន​ខូចខាត​ដោយ​កក្ដា​ជាច្រើន​ដូចជា ធម្មជាតិ ​និង​កក្ដា​មនុស្ស​។ ចំណុច​សំខាន់​ក្រុង​បុរាណ​មួយ​នេះ​ត្រូវបាន​បំផ្លាញ​គ្រប់​រូបភាព​ពី​អ្នកស្រុក​គឺ គាស់កកាយ​ទួលប្រាសាទ និង​ព្រះ​ចេតិយ​បុរាណ​។

​ប្រវែង​នៃ​កំពែង​នេះ​មាន​បណ្ដោយ​ប្រមាណ​ជា​៥,៧​គីឡូម៉ែត្រ រីឯ​ទទឹង​ប្រមាណ​២០​ម៉ែត្រ កម្ពស់​ប្រមាណ​ជា​៧​ម៉ែត្រ​។ កំពែង​នៃ ទីក្រុង​អង្គរបុរី មាន​រាង​ជា​ពងក្រពើ គឺជា​កំពែង​ដ៏​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា មុន​សម័យអង្គរ ពោលគឺ​ស្ថិតនៅក្នុង​លំដាប់​ទី​២ ក្រៅពី ទីក្រុង​ស្រី​ទេព ដែលមាន​ទំហំ​ធំ​ជាង​។

​ក្នុង​កំពែង ក្រុង​អង្គរបុរី ត្រូវគេ​ប្រើប្រាស់​ជា​មធ្យោបាយ​គ្រប់គ្រង​ទឹក និង​ការពារ​សុវត្ថិភាព ជិត​ឆ្ងាយ​មកពី​ខាងក្រៅ​។ កសិណ​ទាំងពីរ​ខាងលើនេះ​មាន​ប្រវែង​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ទទឹង​ប្រវែង​២២​ម៉ែត្រ និង​ជម្រៅ​ប្រមាណ​ជា​១​ម៉ែត្រ​ប៉ុណ្ណោះ​។ ក្នុង​បរិវេណ​នៃ​ទីក្រុង​គេ​ឃើញ​មាន ផ្ទះ​អ្នកស្រុក ប្រព័ន្ធធារាសាស្ត្រ ​ស្រះ ត្រ  ពាំង ចម្ការ ស្រែ ជាដើម​។

​តាម​ការស្រាវជ្រាវ​រប​ស់លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ ខាង​ឯកទេស​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នៅ ឆ្នាំ​១៩៩៦ បានឱ្យដឹងថា កំពែង​នេះ​ត្រូវបាន​សាងសង់​​ឡើង​ដោយ​ប្រើ​បច្ចេកទេស​រៀប​ក្ដារ​ពុំដែល​ដំបូង​គេ​សង់​ជញ្ជាំង​ឥដ្ឋ​ខាងក្នុង​។ បន្ទាប់មក​គេ​ចាក់​កម្ទេច​ដី​គ្របពីលើ​ដោយ​ប្រើ​ទ្រនាប់​ឥដ្ឋ​មួយទៀត​បិត​ខ្ទប់​ពី​ខាង​​ក្រៅ​។ ចំពោះ​យើង​ការបកស្រាយ​នេះ​ពិតជា​ត្រឹមត្រូវ តែ​យ៉ាងណា​ក៍ដោយ ការកំណត់​កាលបរិច្ឆេទ នៃ​ទីក្រុង​ដោយ​វិភាគ​តាម​វិធី​វាស់​កម្ដៅ​លើ​ឥដ្ឋ នៃ​កំពែង​​ក្រុង​អាច​ដឹងថា កំពែង​នេះ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​៦​។ ឥដ្ឋ​កំពែង​ត្រូវមាន​អាយុកាល​ខុសៗ​គ្នា​ដែលជា​ភស្ដុតាង​បង្ហាញថា វា​ត្រូវបាន​ធ្វើឡើង​ជាច្រើន​ដំណាក់កាល​។

​តែ​ចំពោះ​យើង​យល់ឃើញថា ទីក្រុង​នេះ​ត្រូវបាន​កសាងឡើង​នៅលើ​ទីក្រុង​ចាស់​មួយ​ដែលមាន​សហគមន៍​មនុស្ស​រស់នៅ​ដោយមាន​រាង​ជា​ពងក្រពើ​ដូច​ករណី​​ទីក្រុង​ផ្សេងៗ​ឯទៀត​ដែរ ដែល​ស្ថិតនៅ​ចុង យុគ្គ​ថ្ម​រំលីង   និង​ដើម​សម័យ​លោហធាតុ​យ៉ាង​ប្រាកដ ពោលគឺ​រវាង​សតវត្សរ៍​ទី​៥​មុន​គ្រិស្តសករាជ​។​

​នៅទីនេះ​លោក​បណ្ឌិត​ចង់​និយាយថា ជាច្រើន​អន្លើ​ទីក្រុង​កំពែង​នេះ​ត្រូវបាន​ធ្វើឡើង​អំពី​ដី​លើក​ដែលជា​ប្រពៃណី​ទូទៅ នា​សម័យ​បុ​រេ​ប្រ​វ​ត្ដិ​សាស្ដ្រ​។ មាន​​តែ​ការស្រាវជ្រាវ​បន្តទៀត​ដែល​អាច​កំណត់​អាយុកាល        នៃ​កំពែង​នេះ ឱ្យបាន​ត្រឹមត្រូវ​ជាង ចាប់តាំងពី ឆ្នាំ​១៩៩៥ រហូតដល់​បច្ចុប្បន្នភាព​ទីក្រុង​អង្គរបុរី​ត្រូវ​​បាន    បំផ្លាញ​គ្រប់​រូបភាព​ដោយ​អ្នកស្រុក ដែល​បាន​គាស់កកាយ ទួលប្រាសាទ និង​ព្រះ​ចេតិយ​បុរាណ ដែល​ការពិតទៅ នៅ​សេសសល់​តែ​ខឿន​តែប៉ុណ្ណោះ​​ដើម្បី​យក​ឥដ្ឋ​ឬ​ថ្ម ទៅ​ជួញដូរ​នៅ​ផ្សារ ឬ​ក៍​គេ​យក​បុរាណ        វត្ថុ​ទៅ​ជួញដូរ ទីផ្សារ​ជាតិ និង​អន្តរជាតិ ដូចជា ផ្សារ​ទួល​ទំពូង ជាដើម​។ ជា​ឧទាហរណ៍ កសិណ​ទាំងពីរ        នៃ​ទីក្រុង​ប្រវត្តិសាស្ដ្រ របស់​ប្រជា​ជាតិខ្មែរ​មិនបាន​គេចផុត​អំពី អំពើ​មិន​គប្បី​នេះឡើយ​។ ដូច្នេះ​បន្តិច​ម្តងៗ កំពែង​ខាងក្នុង​និង​ខាងក្រៅ ត្រូវបាន​​បាត់បង់​ទម្រង់​ដើម​ជាយថាហេតុ​។

​លោក​បណ្ឌិត​បន្តទៀតថា ជួនកាល​គេ​ពុះ​កំពែង នៃ​ទីក្រុង​ដើម្បី​បង្ហូរទឹក​ពី​កសិណ​ខាងក្រៅ​បញ្ចូល​ក្នុង​វាល  ស្រែ ជួនកាល​ទៀត សម្រាប់​បម្រើឱ្យ​វិស័យ​ក​​សិ​កម្ម ជួនកាល​ទៀត​គេ​បូម​ខ្សាច់​ដើម្បី​លុប​កំពែង​មក​ពង្រីក​    ទីធ្លា​ដី​សម្រាប់​លក់ដូរ​។ ដូច្នេះ​យើង​សុំ​អំពាវនាវ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ​សូម​បញ្ឈប់​អំពើ​មិន​​គួរ​គប្បី​ទាំងនោះ   ​ទៅ​។ ពីព្រោះ​វា​កាន់តែ​បង្ហាញ​យ៉ាងច្បាស់​ថា អ្នកស្រុក​កំពុង​បំផ្លាញ​ព្រលឹង​ជាតិ​ខ្លួនឯង​ហើយ តែ​ជា​អកុសល​រហូតដល់​សព្វ​ថ្ងៃ​ពុំទាន់​​មាន​នរណាម្នាក់​ដឹងឮ​អំពី​សកម្មភាព​នេះ​ទេ​។

​សូម​កុំភ្លេចថា ក្នុង​បរិបថ​ខ្មែរ ទីក្រុង​អង្គរបុរី គឺជា​ភស្ដុតាង​ប្រវត្តិសាស្ដ្រ តែមួយគត់​ដែល​បង្ហាញថា ខ្មែរ​មាន​ប្រវត្តិសាស្ដ្រ និង​ការគ្រប់គ្រង​រដ្ឋ​ជិត​២០០០​ឆ្នាំ​មកហើយ​។ តើ​កូន​ខ្មែរ​យើង​ដឹង​ដែរឬទេ បើ​ពុំមាន​ការទប់ស្កាត់​ជ្រុង​មួយ នៃ​អត្ដ​សញ្ញាណ​ជាតិ​ត្រូវគេ​បំផ្លិចបំផ្លាញ ? វា​ជាការ​បាត់បង់​មួយ​ដែលមាន​លក្ខណៈ​ដ៏​ធំធេង​សម្រាប់​ប្រវត្តិសាស្ដ្រ​ខេ​មរ​ជាតិ​ដែល​គ្មានអ្វី​អាចមក​ជំនួស​បានឡើយ​។​

​លោក ប្រាក់ សុ​ណ្ណា​រ៉ា អ្នកនាំពាក្យ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រាប់​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែតុលា នេះ​ថា ករណី​ខាងលើ​ក្រសួង​បានដឹង​រឿង​​អស់ហើយ​។ នៅក្នុង ឆ្នាំ​២០០៥ ក្រសួង​បានឱ្យ មន្ទីរ​វប្បធម៌ ខេត្តតាកែវ និង​ការិយាល័យ​វប្បធម៌ ស្រុក​អង្គរបុរី ធ្វើ​របាយ​ការ​មក​ក្រសួង ដើម្បី​ស្វែងរក​​ការពិត​មាន​វិធានការ​។ ក្រសួង​វប្បធម៌ បានឱ្យ​គ្រប់​មន្ទីរ​ទូទាំងប្រទេស​ធ្វើ បញ្ជី​សារពើ​ភណ្ឌ​ស្ថា​នី​បុរាណ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ដូចជា ប្រាសាទ​​ដែល​នៅ មាន​រូបរាង មិន​នៅមាន​រូបរាង​គឺ​សល់​តែ​គ្រឹះ ទួល​បុរាណ ស្រះ​បុរាណ ស្ពាន​បុរាណ រូងភ្នំ​បុរាណ កសិណ​ទឹក​បុរាណ​…​។​ល​។

​អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​បានបញ្ជាក់​ទៀតថា រឿង​ខាងលើ​ក្រសួង​បានដឹង​អស់ហើយ គឺ​នៅ​មិន​ស្ងៀម​នោះទេ​។ យើង​កំពុងតែ​អាប់​​ដេ​ត​ការធ្វើ បញ្ជី​សារពើ​ភណ្ឌ នេះ​រហូត​ជា​រៀងរាល់ឆ្នាំ​ហើយ​រាល់​ការរំលោភ បំពាន​នានា​យើង​បានឱ្យ​មន្ទីរ​គ្រប់​ខេត្ត​ក្រុង​ចុះ​សហការគ្នាជាមួយ​អាជ្ញា​ធរ​ដែនដី​ភ្លាមៗ​តែម្តង បើសិនជាកើត ឡើងមានរឿង​អ្វីមួយ​៕