ក្រសួងអភិវឌ្ឍន៍ជនបទគួរពិនិត្យករណីមន្ត្រីមានអំណាចបង្កើត«ក្រុមហ៊ុនកូនខ្មោច»ដេញថ្លៃយកគម្រោងនានាហើយសាងសង់សំណង់គ្មានស្តង់ដារគុណភាព

0
149

ដោយៈ អធិបតី
ភ្នំពេញៈ សព្វថ្ងៃនៅតាម មន្ទីរអភិវឌ្ឍន៍ជនបទ នៃបណ្តាខែត្រក្រុងក៍ដូចជានៅ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីមានអំណាចមួយចំនួនដូចជា ប្រធានមន្ទីរ និងថ្នាក់ដឹកនាំគម្រោងថ្នាក់ជាតិល្បីថា បានបង្កើត «ក្រុមហ៊ុនកូនខ្មោច» រៀងៗខ្លួនដើម្បីទទួលបានកិច្ចសន្យាសាងសង់សំណង់ហេដ្ឋារចនាសម្ព័ននានាដែលជាគ ម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខែត្រ និង ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកម្មវិធីទឹកស្អាត សុខភាពអនាម័យ និងការជួសជុលថែទាំស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមួយចំនួនជាថវិកាជាតិ ហើយមួយផ្នែកធំទៀតជាថវិកាបានមកពីកម្ចីបរទេស។

នៅក្នុង ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ មានថវិកាចំណាយរហូតដល់ចំនួន ១ ២៩២ ៥២១ លានរៀល ឬស្មើនឹងប្រមាណជាង ៣១៤លានដុល្លារអាម៉េរិក (ក្នុងនោះចំណាយចរន្ដចំនួន ២១០ ៨២៣ លានរៀល និងចំណាយមូលធនចំនួន ១ ០៨១ ៦៩៨ លានរៀល) ដោយបែងចែកសម្រាប់រដ្ឋបាលកណ្ដាលចំនួន ១ ២៤១ ៤២០ លានរៀល និងមន្ទីរជំនាញរាជធានី-ខែត្រចំនួន ៥១ ១០១លានរៀល។

ការដែលមន្ត្រីមានអំណាចមួយចំនួន នៃក្រសួងអភិវឌ្ឍន៍ជនបទ អាចបង្កើត «ក្រុមហ៊ុនកូនខ្មោច» ជារបស់ផ្ទាល់ខ្លួនតាមរបៀបលាក់មុខដើម្បីទទួលបានគម្រោងអភិវឌ្ឍន៍សាង់សង់សំណង់ហេដ្ឋរចនាសម្ព័ន្ធនានា បានធ្វើឲ្យគុណភាពសំណង់មិនត្រូវតាមស្តង់ដារបច្ចេកទេសពោលគឺ «ចាក់ស្តើងស៊ីក្រាស់» ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិយ៉ាងច្រើនសម្បើមដែលចាំបាច់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ គួរ តែពិនិត្យឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងករណីខាងលើនេះ។

ជាក់ស្តែងថ្វីដ្បិតតែគម្រោងស្ថាបនាផ្លូវជនបទនៅ ក្រសួងអភិវឌ្ឃន៍ជនបទ ត្រូវបានអនុវត្តតាមនីតិវិធីលទ្ធកម្មសាធារណៈ (ដេញថ្លៃ) ក៍ដោយ។ ក៍ប៉ុន្តែប្រភពល្បីខ្ចរខ្ចាយចេញមកក្រៅបានឱ្យដឹងថា មានក្រុមមន្ដ្រី សម្បូរល្បិចពុតត្បុត និងពុករលួយមួយចំនួនប្រើប្រាស់ជំនាញបង្កើត «ក្រុមហ៊ុនកូនខ្មោច» ចូលរួមដេញថ្លៃ និងឈានទៅទទួលគម្រោងស្ថាបនាផ្លូវលំជនបទរបៀប «អាជ្ញាកណ្ដាលផង និងកីឡាករផង» ហើយបានអនុវត្តរូបមន្ដដ៏ពេញនិយមគឺ «ចាក់ស្ដើងស៊ីក្រាស់​ និងចាក់ក្រាស់ស៊ីស្ដើង» យ៉ាងសកម្មខណៈក្រុមមន្ដ្រីទាំងនោះបាននិងកំពុងនាំគ្នាដង្ហែតាមជិតស្និទ្ធជាមួយ រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន។

«ក្រុមហ៊ុនកូនខ្មោច» ដែលក្រុមមន្ដ្រីសម្បូរល្បិចពុតត្បុត និងពុករលួយមួយចំនួនបង្កើតឡើងនោះ គឺមិនមានឈ្មោះរបស់ពួកគេផ្ទាល់ជា អភិបាល ឬ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នោះទេ។ ប៉ុន្តែបានប្រើប្រាស់ឈ្មោះ ក្រុមគ្រួសារសាច់ញាតិ និងបក្ខពួករបស់ខ្លួនជាម្ចាស់ក្រុមហ៊ុនដើម្បីបង្ហាញវត្តមានចូលរួមដេញថ្លៃទទួលយកគម្រោងស្ថាបនាផ្លូវលំជនបទនៅ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលពួកគេកំពុងបំពេញការងារផ្ទាល់ តែម្ដងដែលជាហេតុមិនអាចឱ្យ ក្រុមហ៊ុនឯកជនផ្សេងៗទៀត ប្រកួតប្រជែងយកឈ្នះទទួលយកគម្រោងប្រ កបដោយតម្លាភាពងាយៗឡើយ (Sic!)។

ម៉្យាងទៀតគម្រោងកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នសោភ័ណភាពក្នុងក្រុង ទីប្រជុំជន របស់រដ្ឋបាលខែត្រមួយចំនួនធំបានធ្លាក់ទៅក្នុងដៃ «ក្រុមហ៊ុនកូនខ្មោច» របស់ ប្រធានមន្ទីរអភិវឌ្ឍន៍ខែត្រ មួយចំនួនដោយមិនមានការដេញថ្លៃឱ្យបានត្រឹមត្រូវក៍មាន ពោលគឺគប់គិតកេងប្រវ័ញ្ចថវិកាថ្នាក់ក្រោមជាតិស្រស់ៗដើម្បី ចែកផលប្រយោជន៍គ្នាធ្វើមានបាន។ រីឯសំណង់ហេដ្ឋារចនាសម្ព័នវិញគឺធ្វើខាងមុខខូចខាងក្រោយ គ្មានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវអ្វីឡើយ។

ជុំវិញរឿងរ៉ាវទាំងនេះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គភាពយើងពុំអាចទាក់ទងសុំការបំភ្លឺបានទេ។

ករណីខាងលើនេះសូម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទើបឡើងកាន់មុខតំណែងថ្មីមិនដល់គម្រប់១ឆ្នាំផងនោះ សូមមេត្តាមានវិធានការតាមដាន និងត្រួតពិនិត្យមើលក្រុមមន្ដ្រីស្ថិតនៅក្បែរក្លៀកមួយចំនួន មន្ដ្រីទទួលបន្ទុកលទ្ធកម្មសាធារណៈ មន្ដ្រីនាយកដ្ឋានផ្លូវលំជនបទ មន្ដ្រីកាន់គ ម្រោងកែលម្អផ្លូវជនបទ ជាពិសេស ប្រធានមន្ទីរអភិវឌ្ឍជនបទខែត្រ ឱ្យបានម៉ត់ចត់ផងដើម្បីបង្ការទប់ស្កាត់ល្បិចពុតត្បុតរបស់ពួកគេរួមគំនិតគ្នាបង្កើត «ក្រុមហ៊ុនកូនខ្មោច» ចូលរួមដេញថ្លៃ និងប្រព្រឹត្ត
អំពើពុករលួយក្នុងគម្រោងស្ថាបនាផ្លូវជនបទ នាំឱ្យការអនុវត្តន៍កម្មវិធីនយោបាយលើវិស័យអភិវឌ្ឍន៍ជនបទរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា គ្មានប្រសិទ្ធភាព៕