កូវីដ១៩បានឆក់យកជីវិតប៉ូលិសចរាចរមានវ័យ៥៥ឆ្នាំម្នាក់ទៀតហើយ

0
121

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់បណ្តាញសារព័ត៌មាន ឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះថា មានករណីអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ម្នាក់ទៀតហើយគឺជា មន្រ្តីនគរបាលចរាចរនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ គាត់មានឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក ថន ចាន់ធឿន បានចូលទៅសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យរុស្ស៉ី កាលពីវេលាម៉ោង១៥:៣០រសៀ លថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ។ គាត់បានគាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺរូបនេះបានស្លាប់នៅវេលាម៉ោងជាង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យ ក៍យកសំណាកអ្នកជំងឺទៅពិនិត្យក៍ទទួលបានលទ្ធផល វិជ្ជមានកូវីដ១៩។

គួរបញ្ជាក់ថា អ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើងចំនួន៨នាក់ហើយ។ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានអ្នក ជំងឺកូវីដ១៩ ចំនួនពីរនាក់បានស្លាប់នៅ មន្ទីរពេទ្យមិត្តភាពខ្មែររុស្ស៊ី គឺមានជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់៕