កម្លាំងប៉េអឹមផ្ទៃប្រទេសចុះបង្ក្រាបគ្រឿងចក្រអាប៊ុលរបសើមន្ត្រីយោធាដែកបាបឃុបឃិតគ្នាជាប្រព័ន្ធលួចឈួសឆាយទន្ទ្រានយកដីព្រៃរដ្ឋ

0
306

ដោយៈ សុភ័ណ្ឌ
កំពង់ស្ពឺៈ គ្រឿងចក្រដែលគេហៅថា អាប៊ុល មួយគ្រឿងគេស្គាល់ថា ជារបស់មន្ត្រីយោធា និងជាម្ចាស់សិប្បកម្ម ឈើមួយកន្លែងនៅ ម្តុំស្ពានដែក ត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កងរាជអាវុធហត្ថស្រុក និងខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនៅពេលម្ចាស់គ្រឿងចក្របញ្ជាឲ្យអ្នកបើកបរព្យាយាមបើករត់គេចពីការបង្ក្រាប
មិនបានសម្រេច។

ការបង្ក្រាបគ្រឿងចក្រលួចឈួសឆាយដីព្រៃរដ្ឋ ការពារដោយ ព្រះរាជក្រឹត្យ នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅក្បែរស្នាក់បរិស្ថានរងអូរត្រាវ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ចបានលើកឡើងនៅព្រឹកថ្ងៃទី៨ ខែមីនា នេះថា នៅមុនពេលចុះ ទៅបង្ក្រាបគ្រឿង ចក្រខាងលើនេះ គឺមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអ្នកកាប់អុស កាប់បង្គោលរបង ប្រាប់ថា មានក្រុម អនាធិបតេយ្យ និងជនខិលខូចលួចដាក់គ្រឿងចក្រ (អាប៊ុល) ធ្វើការឈួសឆាយដីទន្ទ្រានព្រៃដើម្បីយកដីលក់។ ប្រភពបន្តថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កងរាជអាវុធហត្ថ បានសុំគោលការណ៍ថ្នាក់លើចុះធ្វើការបង្ក្រាប គ្រឿងចក្របានជម្លៀសចេញពីដីលួចឈួសឆាយដីនោះហើយ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា គ្រឿងចក្រខាងលើជាកម្មសិទ្ធិឈ្មោះ ធួន អាយុជាង៥០ឆ្នាំជាមន្ត្រី យោធា និងជាម្ចាស់រោងសិប្បកម្មមួយកន្លែងនៅម្តុំស្ពានដែក។ ការដែលគេហ៊ានដាក់គ្រឿងចក្រទៅធ្វើការ ឈួសឆាយដីព្រៃរដ្ឋនេះក៍មានការបើកភ្លើងខៀវពី លោកប្រធានស្នាក់ការរងបរិស្ថានអូត្រាវ ឈ្មោះ ម៉ុន មិន តែប៉ុណ្ណោះមានអ្នកចូលរួមជាច្រើនក្នុងការស្វះស្វែងជ្រោមជ្រែងអន្តរាគមន៍ មានទាំងអ្នករៀបចំដីព្រៃលក់ឃុប ឃិតគ្នាជាប្រព័ន្ធដូចជាឈ្មោះ ធួន ឈ្មោះ គ្រឿន ឈ្មោះ ព្រំ ធី ឈ្មោះ កើត គឹមយិន សមាជិកក្រុមប្រឹក្សា ឃុំត្រពាំងជោ ឈ្មោះ ធូ និងពីរនាក់ទៀតជាអ្នករៀបរយការងារខាងក្រៅ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ នោះគឺ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយ អាវុធហត្ថស្រុក ខេត្ត ធ្វើការបង្ក្រាបនិងទប់ស្កាត់ ការទន្ទ្រានដីព្រៃរដ្ឋបានហើយ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីអំឡុង ខែធ្នូ ឆ្នាំ២០២០ ក្រុមជនខិលខូចបានលក់ដីព្រៃ របស់រដ្ឋការពារដោយ ព្រះរាជក្រឹត្យ ដែលមានទំហំ៣០ហិកតា គឺក្នុង១ហិកតាមានតម្លៃ២០០០ដុល្លារអាមេរិក ហើយបានទទួលលុយកាក់ (លុយកក់) ពីអ្នកទិញចំនួន២ម៉ឺនដុល្លារគឺឈ្មោះ ព្រំ ធី ជាអ្នកចេញមុខទទួល លុយ។ ឈ្មោះ ធូ ជាអ្នកដើររកកម្មករដើម្បីកាប់ព្រៃដោយប្រើឧបករណ៍ កាំបិត ពូថៅជាដើម។ ក្រោយមកទៀត ក្រុមជនខិលខូចអនាធិបតេយ្យខាងលើនេះទទួលលុយបន្ថែមជិត៥០ភាគរយ (ចំនួន៥០ភាគរយ) នៃលុយប្រ គល់ទិញដីព្រៃដោយខ្លាចអ្នកទិញមិនឲ្យលុយគ្រប់ ក្រុមជនខិលខូចអនាធិបតេយ្យបានលួចដាក់គ្រឿងចក្រធ្វើ ការឈួសឆាយ ទាំងយប់ទាំងថ្ងៃទើបបែកធ្លាយរឿងដល់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជា ប្រធានក្រុមបង្ក្រាបថ្នាក់ជាតិក្នុងការទប់ស្កាត់ធនធានធម្មជាតិ តែម្តង។

ប្រភពខាងលើបន្ថែមទៀតថា ក្រោយពីធ្វើការបង្ក្រាបដកហូតបានគ្រឿងចក្រ កម្លាំងអាវុធហត្ថ បានប្រគល់ឲ្យ ទៅឩ្យ ទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ ប៉ុន្តែនៅ ពេលធ្វើការបង្ក្រាបគ្រឿងចក្រ (អាប៊ុល) របស់ឈ្មោះ ធួន នោះស្រាប់តែមានការអន្តរាគមន៍ពីលោកផ្កាយ២ ម្នាក់នៅ ភូមិភាគទី៣ អូសបន្លាយពេលវេលារហូតដល់យប់ទៅយកគ្រឿងចក្រនោះបានគេមិនដឹងថា ក្រុម ជនខិលខូចអនាធិបតេយ្យនោះមានខ្នងបង្អែក និងសែស្រឡាយធំប៉ុណ្ណានោះទេទើបហ៊ានឃុបឃិតគ្នាលួចយក ដីព្រៃរដ្ឋបែបនេះ។

មជ្ឈដ្ឋានមហាជនលើកឡើងថា កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែរំលឹកដល់ រដ្ឋមន្ត្រី និងជំនាញពាក់ព័ន្ធនានាធ្វើយ៉ាងណាទប់ស្កាត់ការកាប់ព្រៃឈើ រុករានទន្រ្ទានដីព្រៃរដ្ឋ។ល។ដាក់ទោស ទណ្ឌទៅលើក្រុមជនខិលខូចអនាធិបតេយ្យ និងអាជ្ញាធរ មន្ត្រីខិលខូចមួយចំនួនដែលឃុបឃិតគ្នាជាប្រព័ន្ធនោះ ធ្វើការឃាត់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន ព្រោះដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ។

ប្រជាពលរដ្ឋសាទរចំណាត់ការ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ជាខ្លាំង។ ពួកគាត់សង្ឃឹមថា លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នឹងមើលថែរក្សាគ្រឿងចក្រ (អាប៊ុល) មួយគ្រឿងនេះឩ្យ បានល្អប្រសើររហូតដល់មានចំណាត់ការពី តុលាការខេត្ត។ ពលរដ្ឋរស់នៅ ខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំ ទៅលើលោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវស្វែងរក ក្រុមជន ខិលខូចអនាធិបតេយ្យឃុបឃិតគ្នារុករានទន្ទ្រានយកដីព្រៃរដ្ឋនេះជាក់ជាពុំខានឡើយ៕